ដោយ លោក តែម កយ - Thu,28 November 2019 (Time 01:06 PM)
វៀតណាម៖ អ្នកទោស១១៩នាក់ បានហែកគុករត់ពីពន្ធនាគារ មួយកន្លែង ស្ថិតនៅក្នុងខេត្ត តៀនយ៉ាង ភាគខាងត្បូងរបស់វៀតណាម ។ប៉ុន្តែក្នុងចំណោមអ្នកទោសទាំងនោះជាងពាក់កណ្តាល ត្រូវប៉ូលិសតាមចាប់បានត្រឡប់មកវិញ ។នេះបើយោងតាម សារព័ត៌មានវៀតណាម (vnexpress) ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។សារព័ត៌មាននោះបញ្ជាក់ថា៖ មណ្ឌលកែប្រែ ស្តារនីតិសម្បទាមួយកន្លែងស្ថិតនៅក្នុងស្រុក ចូវថាញ ដាក់អ្នកទោសសរុប ៦៥០នាក់ ។នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកទោសបាននាំគ្នាវាយបំបែកទ្វារ និងវាយប្រហារទៅលើឆ្មាំគុកនៅទីនោះ រួចពួកគេនាំគ្នារត់គេចខ្លួន! ។
ទន្ទឹមនិងនោះ!អ្នកទោសបានសម្រាតខោអាវ សម្គាល់ថា ខ្លួនជាអ្នកទោសចោលអស់ ។ហើយទម្លុះរបងចូលផ្ទះអ្នកស្រុកក្បែរនោះ លួចបានម៉ូតូ២គ្រឿង ឌុបគ្នាជិះរត់គេចខ្លួន ។ម៉ូតូមួយគ្រឿង ពួកគេជិះគ្នាប្រហែល៤ទៅ៥នាក់ ឆ្ពោះទៅកាន់ផ្លូវហាយវ៉េ ផ្លូវជាតិលេខ ១អេ ។ពួកអ្នកទោសទាំងនេះ បន្តចូលហាងលក់ខោអាវ ហើយលួចបានអាវធំជាច្រើន ។នកទោសខ្លះទៀតរត់ឡើងរថយន្តក្រុង ធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញតែម្តង ។ប៉ូលិសជាច្រើនរយនាក់បានដាក់ពង្រាយនៅតាមវិថីសំខាន់ៗ ។
បិទចរាចរណ៍ ដើម្បីចាប់អ្នកទោសដែលរត់គេចខ្លួនទាំងនោះ ។រហូតដល់ម៉ោង១និង៣០នាទីរសៀល ថ្ងៃដដែល អ្នកទោស៥៥នាក់ត្រូវបានចាប់ខ្លួនត្រឡប់មកវិញ ខណៈប៉ូលិសនៅបន្តស្វែងរកចាប់អ្នកដែលនៅសេសសល់បន្ថែមទៀត ។
គួររំលឹកថា កាលពីខែសីហា ឆ្នាំ២០១៨ អ្នកទោសភាគច្រើនជាអ្នកប្រើប្រាស់គ្រឿងញៀនចំនួន២០០នាក់ បានហែកគុករត់ខ្លួន ។អ្នកទោសនិយាយថា៖ ពួកគេរងការធ្វើទារុណកម្មធ្ងន់ធ្ងរ បង្ខំឲ្យលុតជង្គង់ច្រើនម៉ោង និងវាយដំនៅត្រង់ខ្នងពួកគេ ។
មន្ត្រីវៀតណាមបានបញ្ជាក់ថា៖ នៅក្នុងប្រទេសនេះ មានមណ្ឌលកែប្រែ ស្តារនីតិសម្បទា ប្រហែល១៣២កន្លែង ដាក់អ្នកទោសញៀនថ្នាំប្រហែល ២២០,០០០នាក់ ។អ្នកញៀនថ្នាំនៅក្នុងប្រទេសនេះ ត្រូវបានគេចាត់ទុកថា ជា«ទង្វើអាក្រក់នៅក្នុងសង្គម» ។ម្ល៉ោះហើយ អ្នកដែលញៀនថ្នាំ ពុំសូវត្រូវបានគេយកចិត្តទុកដាក់ អប់រំកែប្រែ បន្សាបថ្នាំឡើយ! ៕ span>