​​
​ពិធីអបអរសាទរ ខួបលើកទី៤១ ថ្ងៃបង្កើត ស.ស.យ.ក .(ថ្ងៃទី២ធ្នូ១៩៧៨-២០១៩ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី
ដោយ លោក តែម កយ - Sat,30 November 2019 (Time 03:31 PM)

(ភ្នំពេញ)៖ «អនាគតរបស់សង្គមជាតិ និងសុភមង្គលរបស់ប្រជាជន គឺមានសារៈសំខាន់បំផុត ដែលមិនអាចបណ្តោយទៅតាមយថាហេតុ ឬឲ្យមានភាពចៃដន្យណាមួយកើតឡើងធ្វើឲ្យប៉ះពាល់នោះទេ។ ប្រាកដណាស់ពេលនេះ ពេលដែលកម្ពុជារីករាយនឹងសន្តិភាព ស្ថិរភាព តែវាក៏ជាពេលវេលាដ៏សំខាន់ដែលយុវជនកម្ពុជាត្រូវតែគិតបន្ថែមទៀតអំពីតួនាទី ទំនួលខុសត្រូវ និងការចូលរួមចំណែករបស់ខ្លួនដើម្បីសង្គមជាតិយើង» នេះគឺជាប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសនៃពិធីរំលឹកខួបលេីកទី៤១ នៃសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សហភាពសហព័ន្ធយុវជនកម្ពុជាប្រារព្ធ«ខួបលើកទី៤១ ថ្ងៃ កំណើត សហភាពសហព័ន្ធយុវជនកម្ពុជា»ដែលមានសមាជិកសមាជិកមកពីគ្រប់ស្ថាប័ន រដ្ឋ និងឯកជនចូលរួមប្រមាណ២ម៉ឺននាក់។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៏បញ្ជាក់ថា ពិធីអបអរសាទរខួបលើកទី៤១ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បីសំខាន់ ៖
១) ដើម្បីរម្លឹកនូវគុណូការៈ និងការលះបង់របស់យុវជនជំនាន់មុន និងបុព្វបុរសរបស់យើង។
២) អបអរសាទរនូវសមិទ្ធផលនានាដែលសម្រេចបានកន្លងមករហូតដល់បច្ចុប្បន្ននេះ។
៣) ត្រៀមខ្លួនក្នុងការចូលរួមចំណែកដើម្បីនាំកម្ពុជាទៅអនាគតឱ្យកាន់តែប្រសើរ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានរំលឹកឡើងវិញអំពីមូលហេតុ បរិបទ និងកាលៈទេសៈ ដែលជាហេតុនាំឲ្យមានការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា។សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក. ដែលជាផ្នែកមួយនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងកាលពី៤១ ឆ្នាំមុន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៧៨ ក្រោមការដឹកនាំរបស់ សម្តេច ជា ស៊ីម , សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ក្នុងបុព្វហេតុផ្តួលរំលំរបបខ្មែរក្រហម និងរំដោះជាតិកម្ពុជាពីរបបប្រល័យពូជសាសន៍ ដ៏សាហាវយង់ឃ្នង។
ឯកឧត្តម ហ៊ុន ម៉ានី បានរំលេចពីឆន្ទៈយ៉ាងមុះមុត និងហ៊ានលះបង់ក្រោមស្មារតី២ធ្នូ របស់ថ្នាក់ដឹកនាំ និងយុវជនជំនាន់មុន ដែលបានដាក់ជីវិតធ្វើជាដើមទុន ក្នុងការបំពេញបេសកកម្មដ៏គ្រោះថ្នាក់ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនខ្មែរ ខណៈពេលដែលពិភព លោកមិនបានខ្វាយខ្វល់ទាល់តែសោះអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងទុក្ខ សោកដែលប្រជាជនកម្ពុជារងគ្រោះនាពេលនោះ។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថា៖ «កម្ពុជាមិនមានជម្រើសណាផ្សេងក្រៅពីក្រោក ឈរ ឡើងដោយខ្លួនឯង ហ៊ានលះបង់ដោយយកជីវិតធ្វើជាដើមទុនដើម្បីរំដោះ សង្គ្រោះប្រជាជន និងកសាងជាតិឲ្យរស់ឡើង វិញ»។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបង្ហាញពីការចងចាំមិនភ្លេចនូវគំរូវីរភាពរបស់យុវជនជំនាន់មុន បើទោះបីជា ៤១ ឆ្នាំបានកន្លងផុតទៅ តែស្មារតី ២ ធ្នូ នៅតែដក់ជាប់ជាមួយយុវជនជំនាន់ក្រោយគ្រប់ៗរូប។
ប្រធាន ស.ស.យ.ក ថា ក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយ សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើនការទទួលស្គាល់យ៉ាងទូលំទូលាយនូវកិត្តិនាមរបស់ខ្លួន ទាំងក្នុង និងក្រៅប្រទេស និងមានការទទួលស្គាល់ពីសំណាក់ថ្នាក់ដឹក នាំ សាធារណៈជន ជាពិសេសយុវជន តាមរយៈសកម្មភាពរបស់ខ្លួន។ផើ្តមចេញពីកិច្ចការងារសម្រាប់យុវជន ស.ស.យ.ក. បានក្លាយជាវេទិកាមួយដែលផ្តល់ឱកាសដល់យុវជនគ្រប់រូបដែលមានចិត្ត និងគោលបំណងដូចគ្នាក្នុងការផ្តល់ក្តីស្រលាញ់ លះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន ដើម្បីសង្គមជាតិ និងប្រជាជន។
ទន្ទឹមនឹងនេះ ស.ស.យ.ក. ក៏បានចូលរួមយ៉ាងសកម្មក្នុង សកម្មភាពវប្បធម៌ សាសនា តាមរយៈការជំរុញការស្វែងយល់ពីប្រវត្តិសាស្រ្ត ការចូលរួមចំ ណែកក្នុងវិស័យអប់រំ សង្គម មនុស្ស ធម៌ កីឡា សិល្បៈ កំសាន្ត ដែលអនុញ្ញាតឲ្យយុវជនគ្រប់និន្នាការចូលរួមបានយ៉ាងទូលំ ទូលាយ។
ជាមួយគ្នានោះ ស.ស.យ.ក. បានចូលរួមពង្រឹងអត្តសញ្ញាណជាតិ តាមរយៈការរៀបចំព្រឹត្តិការណ៍ធំៗ ជាច្រើនរួមមាន ព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ពិធីថ្វាយ ព្រះពរសង្ក្រាន្តឆ្នាំថ្មី ការបំបែកឯតទគ្គកម្មក្រមាវែង និងទូកងវែងជាងគេ និងព្រឹត្តិការណ៍នានាផ្សេងៗ។
ឯកឧត្តម ហ៊ុន ម៉ានី បន្ថែមថា សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើរមកយ៉ាងវែងឆ្ងាយ ហើយក៏សម្រេចបាននូវសមិទ្ធិផលជាច្រើនសម្រាប់ជាតិមាតុភូមិ។ ប៉ុន្តែឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ស.ស.យ.ក. នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ។ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «យើងត្រូវរំលឹកខ្លួនឯងជាប់ជានិច្ចថា សង្គមអនាគតនឹងអាចប្រែប្រួលទាំងលើទិដ្ឋភាព ឱកាស និងបញ្ហាប្រឈម ដែលទាមទារឲ្យយើងមិនត្រឹមតែត្រៀមខ្លួនដើម្បីទប់ទល់ ប៉ុន្តែថែមទាំងប្រើប្រាស់ឲ្យអស់សមត្ថភាព និងឆន្ទៈមនសិការ ដើម្បីកែប្រែបញ្ហាប្រឈមទាំងនោះ ទៅជាកាលានុវត្តភាពថ្មីសម្រាប់ការរីកចម្រើនរបស់ជាតិយើងបន្តទៅទៀត»។
ស្របគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានផ្ញើសាររំលឹកទៅកាន់យុវជនគ្រប់រូបយ៉ាងដូច្នេះថា «អនាគតរបស់សង្គមជាតិ និងសុភមង្គលរបស់ប្រជាជន គឺមានសារៈ សំខាន់បំផុត ដែលមិនអាចបណ្តាយទៅតាមយថាហេតុ ឬឲ្យមានភាពចៃដន្យណាមួយកើតឡើងធ្វើឲ្យប៉ះពាល់នោះទេ។ ប្រាកដណាស់ពេលនេះ ពេលដែលកម្ពុជារីករាយនឹងសន្តិភាព ស្ថិរភាព, វាក៏ជាពេលដែលយុវ ជនកម្ពុជាត្រូវតែគិតបន្ថែមទៀតអំពីតួនាទី ទំនួលខុសត្រូវ និងការចូលរួមចំណែករបស់ខ្លួនដើម្បីសង្គមជាតិ និងប្រជាជន» ។
ក្នុងឱកាសនៃការប្រារព្ធ«ខួបលើកទី៤១ ថ្ងៃ កំណើត សហភាពសហព័ន្ធយុវជនកម្ពុជា» ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ បានប្តេជ្ញាចិត្ត និងជំហររឹងមាំឥតងាករេ ថា នឹងបន្តខិតខំប្រឹងប្រែងទោះក្នុងតម្លៃណាក៏ដោយ ការពារឲ្យបាននូវឯករាជ្យភាព បូរណភាពទឹកដី និងការពារនូវសុខដុមរមនានៃសង្គមសម្រាប់ប្រជាជនយើង និងប្រឆាំងដាច់ខាតនូវរាល់ការគំរាមកំហែងគ្រប់រូបភាពទាំងអស់ទាំងក្នុងនិងក្រៅប្រទេស៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18005 នាក់
ម្សិលមិញ ​ 18964 នាក់
សប្តាហ៍នេះ​ 135822 នាក់
សរុបទាំងអស់​ 11651028 នាក់

បង្ក្រាបករណីជួញដូរគ្រឿងញៀននិងអាវុធឆ្លងដែន នៅភ្នំពេញ

លោក ឧត្តមសេនីយ៍ត្រី សុខ គីមសឿន ដឹកនាំកងកម្លាំង ឈូសឆាយធ្វើរបង ចាក់ដីបំពេញទីបញ្ជាការទិសទី២

មិនមែនថៃបាញ់ទេគឺពលករខ្មែររងគ្រោះមុតបន្លាលួសរបួសដោយខ្លួនឯង

ថៃព្រមរុះរើរោងចេញពីតំបន់ស ក្រោយពីមានការជួបប្រជុំជាមួយមេបញ្ជាការរងយោធភូមិភាគទី៥

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង