​​
​ស្លាប់មនុស្សយ៉ាងតិច១២នាក់ នៅទីក្រុង Nakhon Ratchasimaដោយ ទាហានថៃម្នាក់ធ្វើសកម្មភាពបាញ់ប្រហារ
ដោយ លោក តែម កយ - Sun,09 February 2020 (Time 07:54 AM)

(បាងកក)៖ មនុស្សយ៉ាងហោច១២នាក់ ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិត និងមួយចំនួនទៀតរងរបួស ក្នុងការធ្វើសកម្មភាព បាញ់ប្រហារដោយទាហានថៃម្នាក់ នៅឯទីក្រុង Nakhon Ratchasima (Korat)។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Bangkok នៅយប់ថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។

ទាហានថៃម្នាក់នោះមានឈ្មោះថា Jakraphanth Thomma បានបាញ់សម្លាប់មេបញ្ជាការរបស់ខ្លួន ព្រមទាំងមនុស្សពីរនាក់ទៀត នៅជំរំយោធាមួយកន្លែងក្នុងទីក្រុងខាងលើ មុនគេចខ្លួនតាមរយៈរថយន្តយោធា Humvee មួយគ្រឿង។ ហើយពេលមកដល់ក្បែរ ផ្សារទំនើប Terminal 21 ក្នុងសង្កាត់ Muang ទាហានថៃម្នាក់នោះ ប្រដាប់ដោយកាំភ្លើងរះ បានបើកការបាញ់ប្រហារយ៉ាងកម្រោល ដែលបណ្តាលឲ្យមនុស្សម្នារត់ភៀសខ្លួនយ៉ាងប្រសាច។

គួរជម្រាបថា យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃ ហេតុការណ៍បាញ់ប្រហារនេះ បានឆក់យកជីវិតមនុស្សយ៉ាងតិច១២នាក់ ហើយក៏មានអ្នករងរបួសផងដែរ ប៉ុន្តែ មិនដឹងចំនួនច្បាស់ឡើយ។ ប៉ូលិសនិងយោធាថៃ បានហ៊ុមព័ទ្ធបរិវេណជុំវិញផ្សារទំនើបនោះ ដើម្បីតាមប្រមាញ់ជនជនដៃដល់៕