​​
​គ្រួសារ ស.ស.យ.ក ស្រុកមោងឫស្សី ចូលរួមអបអរសាទរខួបទី ១០៩ ទិវាអន្តរជាតិ នារី៨ មីនា ឆ្នាំ២០២០
ដោយ លោក អុិត សាផល - Fri,06 March 2020 (Time 01:53 PM)

បាត់ដំបង៖នាព្រឹក ថ្ងៃសុក្រប១៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ នៅបរិវេណសាលាស្រុកមោងឫស្សី ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក ស្រុកមោងឫស្សី ចំនួន ៥០រូប បានចូលរួមអបអរសាទរខួបលើកទី ១០៩ ទិវាអន្តរជាតិ នារី៨ មីនា ឆ្នាំ២០២០ ស្ថិតក្រោមអធិបតីភាពឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកមោងឫស្សី ។
បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីរួមមាន លោក លោកស្រី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក អង្គភាពការិយាល័យជំនាញជុំវិញស្រុក កងកម្លាំងទាំង៣ ស្ថាប័ន ក្រុមប្រឹក្សាឃុំ យុវជន ស.ស.យ.ក ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សអនុវិទ្យាល័យ និងវិទ្យាល័យមោងឫស្សី និងប្រជាពលរដ្ឋ សរុបប្រមាណ ៣០០នាក់។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមប្រធានបានផ្ដល់កិត្តិយស ផ្ដល់បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តដល់ ប្អូនៗជាសិស្សពូកែ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា ការតែងនិពន្ធ និងស្មូត្រកំណាព្យ ដែលទទួលបានជ័យលាភីថ្នាក់ខេត្ត ប្រចាំស្រុកមោងឫស្សីទាំង៨ រូប មកពីវិទ្យាល័យមោងឫស្សី ៤រូប វិទ្យាល័យតេជោ ហ៊ុន សែន កាឡោមភ្លុក ១រូប អនុវិទ្យាល័យមោងឫស្សី ២រូប និងបឋមសិក្សាបឹងបី១ ផងដែរ។